three columns

ផលិតកម្ម​ល្បីៗ និង​តារា​ល្បីៗ រួមគ្នា​ផលិត​រឿង​ភាគ​ខ្មែរ​សម្រាប់​ភី​អិន​អិន

តារា​សម្តែង​ល្បីៗ​ជាច្រើនរូប​ប្រចាំ​ប្រទេស​កម្ពុជា​នឹង​ចូលរួម​សម្ដែង​ នៅ​ក្នុង​រឿង​ភាគ​ខ្មែរ​របស់​ស្ថានីយ​ទូរទស្សន៍​ភី​អិន​អិន ​ដែល​ត្រូវ​បាន​សម្រិត​សម្រាំង​ដោយ​ផលិតកម្ម​ល្បីៗ​នៅក្នុង​ស្រុក​រួមមាន​ ជាអាទិ៍ ផលិតកម្ម​ អិ​ល​ឌី​ភី​ច​ឆ័​រ (LD Picture) និង​ផលិតកម្ម​ខ្មែរ​មេគង្គ (KMF)។

ស្ថានីយ​ទូរទស្សន៍​PNN បាន​បណ្ដាក់ទុន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​ការផលិត​នូវ​រឿង​ភាគ​ក្នុង​ស្រុក​ ល្អៗ​សម្រាប់​បម្រើ​អារម្មណ៍​ទៅដល់​ទស្សនិកជន ដែល​នឹង​ត្រៀម​ចាក់​ផ្សាយ​នៅ​ដើមខែ​កញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

រឿង​ភាគ​ដំបូង​ដែល​នឹង​ចាក់​ផ្សាយ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ ភី​អិន​អិន គឺជា​ស្នាដៃ​របស់​ផលិតកម្ម​អិ​ល​ឌី​ភី​ច​ឆ័​រ ក្រោម​ការដឹកនាំ​របស់​លោក លៀក លីដា ដែល​មហាជន​ភាគច្រើន​បាន​ស្គាល់​តាមរយៈ​រឿងល្បីៗ​មួយចំនួន​ដែល​បាន​ចាក់​ បញ្ចាំង​តាម​រឿងកុនធំៗ​នាពេល​កន្លងមក។



លោក លៀក លីដា អ្នកដឹកនាំ​រឿង «ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» នៅក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ភី​អិន​អិន​ខណៈដែល​ក្រុមការងារ​របស់លោក​បាន​ មក​ថត​ឈុត​ឆាក​ខ្លះ​នៃ​រឿងនេះ នៅឯ​សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍ បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​រឿងនេះ​ថា៖ «រឿងនេះ​ខ្ញុំ​ជឿជាក់ថា​នឹង​ទទួលបាន​នូវ​ការគាំទ្រ​ច្រើន​ពី​ទូរទស្សនិកជន ដោយ​ផ្អែកលើ​បី​ចំណុច គឺ​ខ្លឹមសារ​នៃ​រឿង គុណភាព​នៃ​ការផលិត និង​តួ​សម្តែង»។

រឿង​ភាគ​បែប​មនោសញ្ចេតនា លាយឡំ​ដោយ​ការ​កាច់​កុង​គ្នា​រវាង​កូនប្រសារ និង​ម្តាយក្មេក «ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» មានការ​ចូលរួម​សម្តែង​ដោយ​កញ្ញា តូ​តា លោក អេ​វីន អ្នកនាង គ្រ​ត លោក ជា​សំណាង រួម​នឹង​សិល្បករល្បីៗ​ជាច្រើនរូប​ទៀត។

កញ្ញា តូ​តា និង​លោក អេ​វីន ដែលជា​តួឯក​នៅក្នុង​រឿង​ភាគ​ថ្មី​បំផុត​របស់​ភី​អិន​អិន​នេះ ក៏បាន​និយាយ​ផងដែរ​ថា ពួកគេ​ជឿជាក់ថា​ទស្សនិកជន​នឹង​ចូលចិត្ត​រឿង «ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» ដោយសារតែ​រឿងនេះ​មានការ​លាយឡំ​គ្នា​ទាំង​ស្នេហា ឌឺដង កាច់​កុង​គ្នា​រវាង​ម្ដាយក្មេក កូនប្រសា ក៏ដូចជា​កំប្លែង​សើច​សប្បាយ​ច្រើន។

រឿង​ភាគ «ម្ទេស​ហឹរ ប៉ះ​អំបិល​ប្រៃ» ជា​រឿង​ភាគ​មនោសញ្ចេតនា​ស្នេហា​រវាង​ប្តី​ប្រពន្ធ​វ័យក្មេង​មួយគូ​រស់នៅ​ ជាមួយ នឹង​ម្ដាយក្មេក​ដែល​ពិបាក​យល់ចិត្ត ស្គាល់​តែ​កំហុស​របស់​កូនប្រសា​ស្ត្រី។ រឿងនេះ​មានគំនិត​អប់រំ​ទៅដល់​ម្ដាយក្មេក និង​កូនប្រសា​សម័យថ្មី​ទាំងអស់​ឲ្យ​ចេះ​មានការ​យោគយល់​អធ្យាស្រ័យ​គ្នា ទើប​អាច​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សេចក្ដី​សុខ។

ដោយឡែក​សម្រាប់​រឿង​ភាគ​មាន​ចំណងជើង​ថា «សង្គ្រាម​បេះដូង» វណ្ណ​កម្ម​ថ្មី​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ​ក៏​នឹង​ត្រៀម​ចាក់ផ្សាយ​ផងដែរ​ នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​ក្នុងពេលឆាប់ៗនេះ។ ទូរទស្សនិកជន​ភាគ​ច្រើន​បានទទួល​ស្គាល់​ទៅលើ​ស្នាដៃ​ផលិត​របស់​ផលិតកម្ម​ ក្នុងស្រុក​មួយ​នេះ ជាពិសេស​នោះ​គឺ​រឿង​ចុងក្រោយ​គេ «តម្លៃ​ស្នេហ៍» ដែល​បានឈ្នះ​ពានរង្វាន់​ដល់​ទៅ៤ ពី​មហោស្រព​ភាពយន្ត​នៅ​ហូលីវូដ Hollywood International Moving Pictures Film Festival (HIMPFF)។

នៅក្នុង​កិច្ច សម្ភាសន៍​មួយ​ជាមួយ ​ភី​អិន​អិន​ កាលពី​ថ្ងៃទី១៣ កក្កដា កន្លងទៅ​នៅឯ​សណ្ឋាគារ ហ្គា​ឌិន​ស៊ី​ធី លោក​ជុំ ចាន់​ឌន អ្នកដឹកនាំ​រឿង​ភាគ «សង្គ្រាម​បេះដូង» បានបង្ហាញ​ចំណាប់អារម្មណ៍​ចំពោះ​រឿង​ភាគ​ថ្មី​នេះ​ថា៖ «ខ្ញុំ​មានការ​ជឿជាក់​រឿង​សង្គ្រាម​បេះដូង​នេះ នឹង​ទទួល​បាន​នូវ​ការគាំទ្រ​ខ្ពស់​ដូច​រឿង​តម្លៃ​ស្នេហ៍​ដែរ ព្រោះថា KMF យើង​ផ្តោត​ជា​ចម្បង​ទៅលើ​គុណភាព​នៃ​រឿង»។

លោក​បាន​បន្តទៀតថា៖«រឿងនេះ​មាន​លក្ខណៈ​ជា​ខ្មែរ​ច្រើន​ដោយ​សាច់រឿង​ ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​យើង​សព្វថ្ងៃ រីឯ​តួ​សម្តែង​មានការ​ខិតខំ​ខ្លាំង​មែនទែន​គួរ​ឲ្យ​កោតសរសើរ​ត្បិត​ថា​ ពួកគាត់​ជា​តួ​ថ្មី​ក៏ដោយ»។

ព្រម​ជាមួយគ្នានេះដែរ លោក ហេង នរៈ​កក្កដា តួឯក​ប្រុស​ក្នុង​រឿង «សង្គ្រាម​បេះដូង» បាន​ឲ្យ​ដឹងផង​ដែរ​ថា លោក​មាន​ក្តីសង្ឃឹម​ខ្លាំង​ទៅលើ​រឿងនេះ​ថា​នឹង​ទទួលបាន​ការគាំទ្រ​ពី​ ទូរទស្សនិកជន ព្រោះ​សាច់រឿង​ជា​ស្នាដៃ​របស់​កូន​ខ្មែរ​សុទ្ធសាធ ហើយ​ការដឹកនាំ​របស់​ផលិតកម្ម​ខ្មែរ​មេគង្គ គឺមាន​គុណភាព​ខ្ពស់​សម្រិតសម្រាំង​សម្រាប់​អ្នកទស្សនា។

រឿង«សង្គ្រាម​បេះដូង» ជា​រឿងរ៉ាវ​ស្នេហា​តួឯក​ស្រី​ត្រូវ​ប្រឆាំងនឹង​បេះដូង​របស់ខ្លួន​ទៅ​រៀបការ​ ជាមួយនឹង​មនុស្ស​ដែល​ខ្លួន​មិន​ស្រឡាញ់​ជា​ថ្នូរ​នឹង​ប្រាក់​ជូន​ម្តាយ​ដែល​ ញៀន​នឹង​ល្បែង និង​ការ​បាន​បន្ត​នៅ​ជិត​មនុស្ស​ដែល​នាង​ស្រឡាញ់។ ភាព​តានតឹង​កាន់តែខ្លាំង​ខណៈដែល​ការពិតអ្វីៗសុទ្ធតែជា​ការរៀបចំ​ទុកជាមុន​ ដោយ​មិន​ឲ្យ​នាង​ដឹង​ពី​សំណាក់​បុរស​ជាទី​ស្រឡាញ់​របស់​នាង។

តួ​សម្ដែង​នៅក្នុង​រឿង​ភាគ​ថ្មី​សន្លាង​នេះ​រួមមាន លោក ហេង នរៈ​កក្កដា លោក សន កា​យ៉ា​ឌី កញ្ញា ឃី​ង សុរិយា កញ្ញា ឡាយ សម្ផស្សរួមទាំង​តារាល្បីៗរបស់​ផលិតកម្ម​ខ្មែរ​មេគង្គ​ជាច្រើនរូប​ទៀត។

ភី​អិន​អិន​ជា​ស្ថានីយ​ទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅ​កម្ពុជា បាន​ផ្ដល់​ទុន​ផលិត​យ៉ាង​សន្ធឹកសន្ធាប់​ដល់​ផលិតករ​ខ្មែរ ដើម្បី​លើក​កំពស់​គុណភាព​ភាពយន្ត​ខ្មែរ និង​បំពេញ​តម្រូវការ​កម្សាន្ត​របស់​ពលរដ្ឋ​កម្ពុជា។ ខ្សែភាពយន្ត​ភាគ​ខ្មែរ​ដំបូង​នឹង​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​ អិន​នៅ​ដើមខែ​កញ្ញា​ខាងមុខនេះ៕

សូម​ទស្សនា​វីដេអូ​ខ្លី​អំពី​ចំណាប់អារម្មណ៍​អ្នកដឹកនាំ​សម្តែង និង​តារា​ក្នុង​រឿង​ម្ទេស​ហិ​រ​ប៉ះ​អំបិល​ប្រៃ

https://www.facebook.com/PNNDramaFanClub/videos/661630583993335/

សូម​ទស្សនា​វីដេអូ​ខ្លី​អំពី​ចំណាប់អារម្មណ៍​អ្នកដឹកនាំរឿង និង​តារា​សម្តែង​រឿង សង្គ្រាម​បេះដូង

https://www.youtube.com/watch?v=EEz0GIaSn2c
ប្រភព៖ Sabay News 
ផលិតកម្ម​ល្បីៗ និង​តារា​ល្បីៗ រួមគ្នា​ផលិត​រឿង​ភាគ​ខ្មែរ​សម្រាប់​ភី​អិន​អិន ផលិតកម្ម​ល្បីៗ និង​តារា​ល្បីៗ រួមគ្នា​ផលិត​រឿង​ភាគ​ខ្មែរ​សម្រាប់​ភី​អិន​អិន Reviewed by Unknown on 9:29:00 PM Rating: 5

No comments

recent posts

Ad